ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្តលទ្ធកម្មសាធារណៈ តាមប្រព័ន្ធអេឡិចត្រូនិក
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ ២០២៤

លទ្ធកម្មសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក (e-GP) សំដៅដល់ការអនុវត្តកិច្ចលទ្ធកម្មដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជំរុញប្រសិទ្ធភាព និងតម្លាភាពរវាងរាជរដ្ឋាភិបាល និងអ្នកផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម។
នៅថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) សហការជាមួយធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី បានរៀបចំសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្តលទ្ធកម្មសាធារណៈ តាមប្រព័ន្ធអេឡិចត្រូនិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការរង នៃ អ.គ.ហ. និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំវាយតម្លៃប្រព័ន្ធលទ្ធកម្មសាធារណៈ និងផែនទីចង្អុលផ្លូវ សម្រាប់រៀបចំប្រព័ន្ធលទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់រាជរដ្ឋាភិបាល, តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ.។ សិក្ខាសាលាមួយថ្ងៃពេញនេះ មានគោលបំណងសិក្សា និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនៃការអនុវត្តលទ្ធកម្មសាធារណៈ តាមប្រព័ន្ធអេឡិចត្រូនិក ពីបណ្តាប្រទេសមួយចំនួន និងភាពរួចរាល់របស់កម្ពុជា ដោយកំណត់ផែនទីចង្អុលផ្លូវ និងផែនការសកម្មភាព ដើម្បីអាចឱ្យកម្ពុជាឈានទៅបង្កើតនិងអនុវត្តប្រព័ន្ធលទ្ធកម្មសាធារណៈ តាមប្រព័ន្ធអេឡិចត្រូនិក។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទ កសហវ., ក្រសួង ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍ សរុបចំនួនប្រមាណ ១៣០ រូប។

ព័ត៌មានទាក់ទង